Latest Entries »

 

១.        ន នាមជាមនុស្សក្នុងលោកិយ                               មោ មានករណីយកិច្ចថ្លៃថ្លា

ពុ ពិតពុះពារនឹងបញ្ហា                                          ទ្ធា ថែរក្សាភាពថ្លៃថ្នូរ                    ។

២.        យ យកសុចរិតជាត្រីមុខ                                       សិ សុំយកសុខស្ងប់ជាគោល

ទ្ធំ ធាតុល្អយកជាពំនោល                                     អ អបជាថ្នូរចិត្តមេត្តា                    ។

៣.        អា អាងចំណេះទើបប្រសើរ                                  ឥ ឥតគិតប្រើត្បិតឬស្យា

ឦ ឥឡូវតាំងចិត្តករុណា                                       ឧ ឧបេក្ខាចាំជាប់ប្រាណ               ។

៤.        ឪ ឲ្យត្រង់ត្រាប់ប្រើគំនិត                                       ឫ រកការពិតតាមលំអាន

ឬ រើសសច្ចៈផ្លូវកុំខាន                                          ឭ ឮលើឋានសន្តិភាព                  ។

៥.        ឯ អង្គទុច្ចរិតគួរជៀសវាង                                     ព្ធ ឲ្យឃ្លាតឃ្លាងបាបគំនាប

ឱ ឲ្យឱនអង្គហើយប្រុងប្រៀប                               ឪ ឲ្យបញ្ជ្រាបធម៌ខន្តី                    ។

៦.        អុំ ឲ្យរក្សាក្តីសង្ឃឹម                                                 អំ ឲ្យញញឹមជាសក្ខី

អាំ ឲ្យចាំជាប់ញាតិប្រុសស្រី                                  អះ អាងសេចក្តីល្អប្រត្យក្ស                        ។

Advertisements

…សប្បាយចិត្ត! មិនដឹងថាជាសំណាង ឬ មិនមែនទេដែលខ្ញុំដើរទៅដល់គោល ដៅមួយ​ ដែលខ្លួន តែងតែស្រម៉ៃ។ ខ្ញុំពិតជារីករាយណាស់ នេះជាលើកទីមួយហើយ ដែលខ្ញុំបានដឹងថា ខ្លួនខ្ញុំដែលអ្នកគ្រប់គ្នាតែងតែគិតថាជាក្មេងស្រីម្នាក់សោះនោះបែរ ជាមានភារកិច្ចត្រូវទទួលខុសត្រូវយ៉ាងប្រាកដ។ មុននេះបន្តិច ខ្ញុំទើបតែបានទៅជួប ជាមួយលោកអនុប្រធានរដ្ឋបាលនៃវិទ្យាស្ថានរដ្ឋមួយកន្លែង… ដោយសារតែការ យោគយល់របស់គាត់ ទើបខ្ញុំត្រូវបានទទួលជាបុគ្គលិក ស្ម័ក្សចិត្តនៃវិទ្យាស្ថាននោះ។

…​ រវល់តែគិតខ្ញុំជិះមកដល់សាកលវិទ្យាល័យជាតិគ្រប់គ្រងទៅហើយ។ អីយ៉ា! សួនច្បារមុខ សាកលវិទ្យាល័យនេះអីក៏ស្អាតម្លេះហ្ន៎!​ រាល់ថ្ងៃប្រហែលជាមិនបានចាប់ អារម្មណ៍ហើយមើលទៅបានជា មិនដឹងថាស្អាតអ៊ីចឹង! មិនដឹងថាហេតុអី ស្រាប់តែខ្ញុំ ហាក់ដូចជាត្រូវគេសណ្តំចិត្ត​ឲ្យបញ្ជាម៉ូតូទៅឈប់អែបនឹង សួនច្បារដ៏សោភាមួយ​នេះ។ សូម្បីតែកៅអីឈើដែលដាក់បញ្ឈរនៅតាមសួននេះក៏ហាក់ដូចជា ទាក់ទាញ​ណាស់ដែរ វាបានខាបទាញរូបខ្ញុំឲ្យដើរទៅអង្គុយដោយមិនរារែក។ កៅអីដែល​ខ្ញុំអង្គុយនេះ ថ្វីត្បិតតែវានៅឆ្ងាយពីគេបន្តិចតែជាកន្លែងដែលអំណោយផលបំផុត​ ក្នុងការអង្គុយកំសាន្តអារម្មណ៍ ព្រោះមានដើមស្រល់ដ៏ធំមួយ ខំបញ្ឈរកាយបាំង​កំដៅ និង រស្មីនៃទិនករ ដែលមិនទាន់យាត្រាចេញពីវេហានៅឡើយ។ ខ្ញុំចាប់ផ្តើមក្រលេក នេត្រាមើលទិដ្ឋភាព ដែលនៅជុំវិញខ្លួនរបស់ខ្ញុំ សួនដែលមានស្មៅពណ៌បៃតង ដើមផ្កាដ៏ស្រស់ស្អាត ក៏ត្រូវគេយក មកតំរៀបដាំយ៉ាងមានរបៀប។ នៅលើ​សួនច្បារដ៏ត្រកាលនេះខ្ញុំបានឃើញ យុវនិស្សិត​មិនច្រើនប៉ុន្មានអង្គុយអានសៀវភៅ​យ៉ាង​យកចិត្តទុកដាក់ ទោះបីជានៅមានចំនួនតិចក្តីតែសកម្មភាពរបស់ពួក​គេធ្វើឲ្យខ្ញុំគិតថាសង្គមខ្មែរថ្ងៃមុខនឹង សម្បូរអ្នក ចេះដឹងមិនខានទេ។

…គិតៗទៅដល់ពេលសប្បាយចិត្តគិតអីក៏ឃើញល្អដែរហ្ន៎! មិនបានទេថ្ងៃនេះ​សប្បាយចិត្តយ៉ាងនេះត្រូវជប់លៀងហើយទើបបាន។ បន្ទាប់ពីគិតហើយ ខ្ញុំដើរទៅ​ទិញស្វាយ​​ដែលអ៊ុំស្រីម្នាក់អង្គុយលក់នៅចុងសួន…

ស្លាប់ហើយហូបម៉េចនឹងអស់ទៅស្វាយដល់ទៅបីផ្លែហើយថែមទាំអធំៗទៀត!​ គ្រានោះមានក្មេងប្រុសមពីរនាក់ដើរកាត់មុខខ្ញុំ ហើ​យ សម្លឹងមើលមកថង់ស្វាយរបស់​ខ្ញុំ…​ កុំគិតថាខ្ញុំជាអ្នកមានអី… ហើយខ្ញុំក៏មិនមែនល្មោភហូបដែរ ការពិត គ្រាន់តែចង់ឲ្យអ៊ុំអ្នកលក់ហ្នឹង គាត់សប្បាយចិត្តប៉ុណ្ណោះ ទើបជួយទិញគាត់ច្រើន អ៊ីចឹងទៅ!

…ហូបស្វាយបណ្តើរ ខ្ញុំអានសៀវភៅកំណាព្យបណ្តើរ។ ប្រហែលជាជិតមួយ ម៉ោងទើបខ្ញុំអានចប់ មួយក្បាល ហើយក៏ហូបស្វាយអស់ជិតកន្លះថង់ដែរ។ ខ្ញុំដាក់សៀវភៅចូលក្នុងកាតាប ហើយដកយក ដបទឹកមកផឹក… រំពេចនោះភ្នែកមួយ គូររបស់ខ្ញុំបានប្រទះនឹងនិស្សិតប្រុសស្រីពីរនាក់ឱបសៀវភៅចេញពី​​ បណ្ណាល័យ​ជាតិដោយស្នាមញញឹម ពួកគេដើរបណ្តើរគ្នាត្រសងកាត់មុខរបស់ខ្ញុំ គេដើរ​បណ្តីរជជែកគ្នាបណ្តើរដោយក្តីរីករាយ…​ ខ្ញុំក៏បានលឺអំពីរមេរៀនប្រវត្តិសាស្រ្ត​ខ្មែរ ដែលពួកគេជជែកគ្នា… តែពួកគេទាំងពីរ​ដូចជាហួសហេតុពេកហើយ ពួកគេមើល ឃើញខ្ញុំឬអត់ហ្នឹង?​ ពួកគេមិនដឹងទេហ្អីថាចិត្តរបស់ខ្ញុំវារួញតូចប៉ុណ្ណានោះ…​ មិនដឹងថាពេលណាទើបបុរសក្នុងសុបិន្តរបស់ខ្ញុំបង្ហាញខ្លួនទេហ្ន៎? ច្រណែនគេដល់ ហើយ!​ ស្នេហាដែលដែលគួរឲ្យស្រលាញ់ ស្នេហាដែលសាងអនាគតដ៏ល្អដែល​ដើរ​លើវិថីនៃការសិក្សា!!!

មិនយូរប៉ុន្មានពួកគេក៏ដើរផុតពីក្រសែចក្ខុទាំងទ្វេរបស់ខ្ញុំទៅ។ ​ភ្លាមនោះដែរខ្ញុំ បានលឺសំលេងរបស់យុវជនម្នាក់ល្លៀកសំលៀកបំពាក់របៀប និស្សិត ដែលកំពុង តែនិយាយទូរសព្ទ

“បាទម៉ាក់!​ ខ្ញុំនៅសាលា”

“………….”

“ល្ងាចនេះខ្ញុំធ្វើលំហាត់នៅផ្ទះពួកម៉ាក ម៉ាក់មិនបាច់ចាំខ្ញុំទេ”

បន្ទាប់ពីនិយាយចប់គេបែរទៅរកគូរកនរបស់គេដែលអង្គុយលើម៉ូតូ ដោយលើកដៃធ្វើជាសញ្ញា​ “អូខេ” ជាមួយកី្តរីរាយ។

គ្រាន់តែឃើញយុវជនរូបនេះធ្វើសញ្ញាភ្លាម គូកនដែលអង្គុយលើម៉ូតូសើច ស្ញាញ តបមកវិញដែរ ព្រមជាមួយវាចារលឺៗ​៖

“មកអ៊ីចឹងទៅរកផ្សើមមាត់បន្តិចសិនហ្អា៎!​ ចាំយប់ចាំទៅកន្លែងចាស់ ”

គ្រាន់លឺសម្តីមិត្តភ្លាម យុវជនដែលនិយាយទូរសព្ទមុននេះ ឡើងជិះម៉ូតូ ពីក្រោយគូកនខ្លួន។​ បន្ទាប់មក​ពួកគេក៏បញ្ជាម៉ូតូលឿនស្លេវដូចហោះ ចេញពីតំបន់ ដែលភ្នែក​របស់ខ្ញុំអាចមើលឃើញ។ មិនដឹងជាគេគិតយ៉ាងម៉េច​ទេ… ចេះធ្វើអ៊ីចឹង​ទៅកើតដែរ! ទៅផ្សើមមាត់… ទៅកន្លែងចាស់ស្អីក៏មិនដឹង បែរជាប្រាប់អ្នកផ្ទះ ថាទៅធ្វើលំហាត់ទៅវិញ !​ ពិតជាយ៉ាប់មែនហើយ!

ឈប់គិតពីពួកមនុស្សប្រភេទនេះវិញប្រសើរជាង ប្រហែលជាមិនខ្វះទេមនុស្ស ល្អៗគួឲ្យមើល មនុស្សដែលខុសពីពួកគេហើយចេះគិតមានគគោក…. មនុស្សម្នា ជាច្រើន​បានធ្វើដំណើរទៅវិញទៅមកនៅលើដងវិថី ដែលខ្ញុំកំពុងសំលឹងទៅរក។ ពួកគេភាគច្រើន ជានិស្សិតដែលទើបតែចេញពីសាលា ព្រោះថ្មើរនេះម៉ោងប្រាំល្ងាច​ទៅហើយ។ ដោយមាននិស្សិតជាច្រើន នៅចំពោះមុខខ្ញុំ ទើបខួរក្បាលមួយនេះ​គិតឃើញអ្វីម៉្យាងចេញមក… និស្សិតតែមួយសាលាសោះ ច្រីនប៉ុណ្ណឹងទៅហើយ ចុះ ទម្រាំតែទីក្រុងមួយទាំងមូលមាននិស្សិតប៉ុន្មាននាក់ទៅ ?

គិតដល់ត្រឹមនេះ ម៉ូតូសេរីថ្មីមួយលូនយ៉ាងសន្សឹមៗនៅពីមុខខ្ញុំគឺម៉ូតូ ម៉ាក អាយខុន ពណ៌លឿង មួយគ្រឿងដែលបញ្ជាដោយយុវជនម្នាក់ដែលស្លៀកពាក់ របៀបសិស្សសាលា នៅពីក្រោយគេមានក្មេង ស្រីម្នាក់ដែលមើលទៅអាយុរបស់នាង ប្រហែលជា​​១៧ឆ្នាំប៉ុណ្ណឹងយ៉ាងច្រើន។ នារីដែលមានវ័យក្មេង រូបនេះឱបចង្កេះបុរស អ្នកបញ្ជាម៉ូតូហាក់ដូចជាខ្លាចធ្លាក់ពីលើម៉ូតូណាស់អ៊ីចឹង ហើយថែមទាំងទ្រោប ចង្ការទៅលើស្មារបុរសនោះទៀតផង ចំណែកបុរសនោះវិញដូចជាមិនខ្លាចគ្រោះថ្នាក់ អ្វីបន្តិច​ បញ្ជាម៉ូតូមិនគិតទេ បែរជាយកដៃម្ខាងមកស្ទាបអង្អែលភ្លៅនារីនោះធ្វើ បែបហី។ នេះប្រហែលជាមកពីសេចក្តីស្រសាញ់ របស់គេមានចំពោះគ្នាខ្លាំង ណាស់ហើយ មើលទៅ បានជាស្អិតដូចតាំងម៉ែ ទាំងកំពុងធ្វើដំណើរយ៉ាង នេះ។

មិនដឹងថានេះជាស្នេហាឬក៏ការកេងប្រវ័ញ្ចទេហ្ន៎?

“ទឺត ទឺត” សំលេងសារទូរសព្ទរបស់បានបន្លឺឡើង។ ខ្ញុំក៏យកទូរសព្ទមកបើក​សារនោះមើល…

“ អារីតា! ខ្ញុំចាំនៅកន្លែងលក់ប្រហិតណា៎!”

ប្រសើរណាស់! មិនបាច់ចាំអង្គុយមើលសកម្មភាពមិនគប្បីទាំងនេះទៀត។ មិត្តរបស់ខ្ញុំម្នាក់នេះពិតជា ចេះយល់ចិត្តមែនទែន!

… ហេតុអីក៏ចរាចរណ៍ចង្អៀតអីម្លេះហ្ន៎? ព្រោះតែអ្នកបើកបរមិនគោរពច្បាប់ មិនខានទេ នេះសំណាងដែរខ្ញុំមិនសូវជាប្រញាប់ បើសិនជាមានការសំខាន់បែបត្រូវ យ៉ាប់មិនខាន! ខ្ញុំចំណាយពេលកន្លះម៉ោងទម្រាំតែមកដល់មុខតវត្តបទុម… មិត្តរបស់ ខ្ញុំ កំពុងអង្គុយញ៉ាំកូកានៅលើបង់ម្នាក់ឯង គួរឲ្យអាណិតមែន! ខ្ញុំប្រញាប់ដើរទៅរក អាកា ហើយសួរបែបគួរសម៖

«ចាំយូរហើយមែនទេ?»

គ្រាន់តែលឺសម្លេងខ្ញុំ អាកា ងាកមកញញឹម ដាក់ខ្ញុំ ហើយដកយកមួកសុវត្ថិភាពរបស់ នាងទៅម្ខាង ដើម្បីយកកន្លែងឲ្យខ្ញុំអង្គុយ ហើយបង្ហើរវាចារតិចៗ

«ញ៉ាំ កូកាអស់ ពីរ កំប៉ុង ហើយ!! យូរទេ?»

ខ្ញុំញញឹមតបទៅគេ… ការពិតមិត្តខ្ញុំម្នាក់នេះចូលចិត្តញ៉ាំកូកាណាស់ ទោះជា ថែម ពីរ បី កំប៉ុងទៀតក៏មិនអីដែរ!

… បន្ទាប់ពីជជែកគ្នាមួយសន្ទុះ ខ្ញុំ និង អាកា ទិញប្រហិតញ៉ាំជាមួយគ្នា ហើយ យើងដ៏ប្តូរកន្លែងអង្គុយ ពេលដែលញ៉ាំដំបូងខ្ញុំមានអារម្មថាឆ្ងាញ់ណាស់ តែ ញ៉ាំយូរៗ ទៅស្រាប់តែមានគ្រឿងក្លែមថែមជាចំណីភ្នែករបស់ខ្ញុំទៀត… វាមិនឆ្ងាញ់ទេ បែរជា ធ្វើអោយខ្ញុំមានអារម្មថា ជ្រិញ ទៅវិញ ។ នៅចំពីមុខខ្ញុំមានគូស្នេហ៍យុវវ័យមួយគូរ ដែលកំពុងធ្វើអីក៏មិនដឹង ឱបគ្នាស្អិតជាងស្ករកៅស៊ូទៅទៀត។ ដោយទ្រាំឃើញមិន បានទើបខ្ញុំប្តូរកន្លែងអង្គុយភ្លាម ឯអាកាមិត្តរបស់ខ្ញុំសំណាងណាស់ដែលអង្គុយបែរ មុខទៅរកផ្លូវកុំអីហ្នឹងគេប្រាកដជាខូចភ្នែកមិនខានទេ តែប្រហែលជាពួកគេសល់ បុណ្យពីជាតិមុនខ្លះហើយបានជាអ្នកដែលមើលឃើញជាខ្ញុំ បើជាមិត្តខ្ញុំវិញប្រហែល ជារិះគន់មិនប្រណីមាត់ទេមើលទៅ ។

…. ហេតុអី ក៏សយម្លេះហ្ន៎ ? ខ្ញុំស្រាប់តែឃើញក្មេងស្រីម្នាក់ពាក់សំលៀក បំពាក់របៀបសិស្សវិទ្យាល័យ គេងកើយលើភ្លៅរបស់យុវជនមួយរូបវ័យប្រហែលជា​២០ ឆ្នាំនៅលើស្មៅពណ៌បៃតងដ៏ប្រណិត រីឯដៃរបស់ក្មេងស្រីនោះស្រាក់ចង្កេះ យុវជននោះយ៉ាងស្និទ្ធិ វាមិនចម្លែកទេដែលយុវជនរូបនោះឱនថើប នាងដោយមិន រអែងអ្វីបន្តិចតាមទំនើងចិត្តនោះ ព្រោះបើស្ករនៅកណ្តាលវាលទៅហើយស្រមោច ឯណាដែលមិនរោមនោះ បើបណ្តោយឲ្យរបូតពីដៃមានតែល្ងង់…. គិតទៅគួរឲ្យ អាណិតក្មេងស្រីនោះណាស់ មិនដឹងថាប្រុសនោះល្បួងនាងយ៉ាណាខ្លះទេបានជា បណ្តោយខ្លួនយ៉ាងនេះ! ហ៊ឺ!​ តើនាងមានគិតដល់អនាគតរបស់នាងទេហ្ន៎?

… កំពុងតែគិត អាកាហៅខ្ញុំឲ្យញ៉ាំបន្ត ខ្ញុំស្ទើតែលេបមិនចូលទៅហើយ។  ក្រោយពីបរិភោគរួចរាល់ខ្ញុំត្រឡប់មកផ្ទះវិញ។ គ្រាន់តែឃើញមុខខ្ញុំភ្លាម ម៉ាក់សួរទាំង ឆ្ងល់៖

«យ៉ាងម៉េចហ្នឹងកូន? ដាក់ការងារស្ម័គ្រចិត្តគេមិនទទួលហ្អី បានជាធ្វើមុខអញ្ចឹង?»

«អត់ទេម៉ាក់តែឈឺក្បាលពេក! កូនទៅបន្ទប់សិនហើយ! »

…ការពិតខ្ញុំសប្យាយចិត្តណាស់ពីដំបូង តែបែជារលាយអស់អារម្មណ៍ល្អៗ បែបនោះទៅវិញ មិនដឹងជាបងប្អូនអ្នកណាខ្លះទេដែលយ៉ាប់យ៉ាងនេះ? មិនដឹងថា​ក្មេង​ស្រីដែលខ្ញុំជួបនោះយ៉ាងម៉េចទេ? ខ្លួនជាស្រីផងទៅធ្វើអញ្ចឹងទៅកើត! មិនដឹង​ជាសង្គមជាតិនឹងទៅជាយ៉ាងណាទេបើក្មេងៗជំនាន់ក្រោយធ្វើតែបែបនេះ… រឿងល្អៗ​ដែលខ្ញុំជួបថ្ងៃ នេះត្រូវលុបស្ទើតែអស់ហើយដោយសារតែរូបភាពដែលខ្ញុំបានឃើញ​ត្រឹមតែប៉ុន្មានម៉ោងនានេះ។ កុំឆ្ងល់អីណា ថាហេតុអីក៏ខ្ញុំមិនសប្យាយចិត្តដោយ​សារតែរឿងអស់ទាំងនោះ… រឿងដែលមិនមែនជារឿងរបស់ខ្ញុំសោះ  ម៉េចក៏ខ្ញុំ ត្រូវពិបាកចិត្ត? …ឈប់ឆ្ងល់ទៅ ព្រោះតែខ្ញុំរស់ នៅជាមួយសង្គម ជាមួយមនុស្សផងគ្នា មិនមែនរស់តែឯងឯណា បើសង្គមរបស់ខ្ញុំ មិនល្អថ្ងៃណាមួយ ខ្ញុំនឹងដូចជាពួក​គេអញ្ចឹង… ហើយអាចប្រហែលជាញាតិមិត្តរបស់ ខ្ញុំណាម្នាក់ឈានជើងទៅលើផ្លូវ​ដែលខុសទាំងនោះដែរមិនខានទេ! ដូចថ្ងៃនេះទោះបីខ្ញុំខំប្រឹងប្រែងយ៉ាងណា ដើម្បី ទទួលបានជោគជ័យទៅថ្ងៃមុខក៏ដោយ តែសង្គមរបស់ខ្ញុំបែរជាមកបំផ្លាញអស់រលីង ! តើវាល្អដែលទេដែលមនុស្សម្នាក់ទទួលបានជោគជ័យ នៅក្នុងសង្គមដែលមានបញ្ហា ផ្នែកវប្បធម៌ដ៏ធំធេងយ៉ាងនេះនោះ? តើមានន័យអ្វីទៀត? អត្តន័យដែលព្យាយាម បង្កើតសំរាប់ជីវិតអាចនៅសេសសល់ទេ?  ជួយគិតខ្ញុំផងណា៎!

ចាប់កាន់ប៉ាកកាចារជាកាព្យ

តាក់តែងកំណាព្យតាមចុងចួន

រៀបរាប់សរសេរតាមតែក្បួន

ដែលបានថែថួនពីបុរាណ ។

កំណាព្យខ្មែរយើងសែនពីរោះ

មាននាមមានឈ្មោះតាមលំអាន

ធ្វើឲ្យកូនខ្មែរគ្រប់ៗប្រាណ

បំភ្លេចមិនបានដំណែលល្អ ។

ក្នុងនាមខ្ញុំកូនខ្មែរសម័យ

សូមលកសូមលៃប្រាប់បន្ត

ស្នើជួយរក្សាគ្រប់ដំណរ

ច្បាប់ក្បួនបវរសែនល្អក្រៃ ។

ចូរចេះចងចាំក្បួនតែងកាព្យ

ចេះស្គាល់កំណាព្យស្គាល់តម្លៃ

កុំឱ្យបង់បាត់យើងត្រូវច្នៃ

ពាក្យពេជន៍មានន័យដើម្បីខ្មែរ ។

ខ្មែរស្រលាញ់ខ្មែរថែសម្បត្តិ

កុំឱ្យរសាត់បាត់ដំណែល

ដូចរូបខ្ញុំនេះសូមស្នើដែរ

មិត្តអើយគួរតែប្រឹងឡើងណា ។

តម្លៃអក្សរសាស្ត្រខ្មែរយើង

ត្រូវលើកស្ទួយឡើងណាមិត្តណា៎

កុំឱ្យបង់បាត់សូន្យសង្ខា

លើកស្ទួយអក្ខរាវប្បធម៌យើង ។

ជូនពរឆ្នាំថ្មី!

អាសូរបដិមា

អាសូរបដិមា